Host Logo
Event Title
Decorative Line
អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា
ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៦ | ម៉ោង ២ រសៀល ដល់ ៥ ល្ងាច
Decorative Line
ទំព័រដើម

ដំណឹង

Business Forum Event

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី មាគ៌ាអប់រំសកល ដើម្បីគាំទ្រការរៀបចំអ្នកបន្តវេនអាជីវកម្ម និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ

 

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញជាគណៈអធិបតី បើកសិក្ខាសាសាស្តីពី មាគ៌ាអប់រំ សកលសម្រាប់គ្រួសារម្ចាស់អាជីវកម្ម ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអ៊ីស្គូលខេមបូឌា (E-School Cambodia) ក្នុងគោលបំណងជំរុញការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយមានការចូលរួមពីតំណាង ANIBT អូស្ត្រាលី iSkills Hub ព្រមទាំងម្ចាស់អាជីវកម្ម និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មជាច្រើនរូប។

 

ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលានេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសង្កត់ធ្ងន់ថា ការវិនិយោគលើការអប់រំអន្តរជាតិរបស់បុត្រធីតា គឺជា «ការវិនិយោគជាយុទ្ធសាស្ត្រ» ។ ឯកឧត្តមឧកញ៉ា បានកត់សម្គាល់ថា តាមរយៈ ការសិក្សាក្នុងបរិយាកាសកម្រិតពិភពលោកដូចជានៅប្រទេសអូស្ត្រាលី សិស្សានុសិស្សនឹងទទួលបាននូវផ្នត់គំនិត និងសមត្ថភាពអន្តរជាតិដែលចាំបាច់ ដើម្បីធ្វើទំនើបកម្មសហគ្រាសគ្រួសារ និងរួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្តមឧកញ៉ា គូសបញ្ជាក់ថា សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ការរក្សានិរន្តរភាពអាជីវកម្មឱ្យបានគង់វង្សតជំនាន់ គឺជាបំណងប្រាថ្នាដ៏ធំបំផុត។ ការបង្កើតអាជីវកម្មឱ្យជោគជ័យគឺជារឿងពិបាក ប៉ុន្តែការរក្សាអាជីវកម្មឱ្យមាននិរន្តរភាពទៅជំនាន់ក្រោយ គឺរឹតតែមានភាពប្រឈមខ្លាំងជាងនេះទៅទៀត។ មូលហេតុចម្បងដែលនាំឱ្យអាជីវកម្មគ្រួសារភាគច្រើនជួបហានិភ័យ គឺការខ្វះចន្លោះក្នុងការរៀបចំផែនការបន្តវេន ឬការខកខានក្នុងការបណ្តុះបណ្តាល “មរតកចំណេះដឹង” ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការវិនិយោគលើការសិក្សារបស់បុត្រធីតា គឺជាកត្តាចាំបាច់បំផុតដែលត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។

 

បណ្ឌិត ចាន់ដ្រែន សែលវាដាស់ (Dr. Chandren Selvadass) នាយកប្រតិបត្តិ ANIBT ប្រចាំម៉ាឡេស៊ី ក៏បានផ្តល់នូវទស្សនទានអំពីការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយបញ្ជាក់ថា សម្រាប់គ្រួសារម្ចាស់អាជីវកម្ម ការអប់រំមិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំមនុស្សជំនាន់ក្រោយឱ្យចេះទទួលខុសត្រូវ ហ៊ានសម្រេចចិត្ត ចេះគ្រប់គ្រងភាពស្មុគស្មាញនៃពិភពលោក និងអាចរក្សាមរតកគ្រួសារដោយបញ្ញា និងទំនុកចិត្ត។ បណ្ឌិត បានសង្កត់ធ្ងន់ទៀតថា អ្នកបន្តវេនមិនមែនកើតឡើងដោយស្វ័យប្រវត្តិតាមរយៈរង្សត្រកូលនោះទេ គឺត្រូវតែអភិវឌ្ឍ តាមរយៈការស្វែងយល់ពីពិភពលោក ការអប់រំ ភាពចាស់ទុំ ការចេះវិនិច្ឆ័យ ជំនាញទំនាក់ទំនង និងទស្សនៈវិស័យអន្តរជាតិ។ បណ្ឌិត បានបន្ថែមថា ការបញ្ជូនកូនទៅកាន់មជ្ឈដ្ឋានអន្តរជាតិដោយគ្មានការត្រៀមលក្ខណៈ គឺជាកំហុសមួយដែលអាចខាតបង់ច្រើន ដូច្នេះការរៀបចំតាមមាគ៌ាដែលបានគិតគូរល្អិតល្អន់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនៗ និងស្ថាប័នគ្រួសារ។

 

អង្គសិក្ខាសាលាទាំងមូលបានជជែកពិភាក្សាលម្អិតអំពីការត្រៀមលក្ខណៈ និងមូលដ្ឋានគ្រឹះនានាដែលចាំបាច់សម្រាប់បណ្តុះបណ្តាលនិងបញ្ជូនបុត្រធីតាទៅសិក្សានៅក្រៅប្រទេសជាពិសេសប្រទេសអូស្ត្រាលី។ ក្នុងនោះ ក៏មានការធ្វើបទបង្ហាញដោយ តំណាងក្រុមហ៊ុនអ៊ីស្គូលខេមបូឌាផងដែរ ស្តីពីកម្មវិធីសិក្សាមូលដ្ឋានគ្រឹះរយៈពេល៦ខែ និងបទពិសោធន៍ជោគជ័យនៅតាមបណ្តាប្រទេសនានា៕

 

ព័ត៌មានបន្ថែម

E- School Cambodia និងក្រុមហ៊ុន ISKILLS HUB សហការចាប់ដៃគូជាមួយគ្នា លើការពង្រឹង និងពង្រីកវិស័យអប់រំ នៅកម្ពុជា តាមរយះការសិក្សា Online

ANIBT Intro
Australia Campuses
Global Campuses
ANIBT Features